ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែន៖ ទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល
So,19 Juli 2020 (Time 03:53 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 879នាក់)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្តន៍តាមវិធានកំណត់ដោយក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩។ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅពេលពិនិត្យសុខភាពរួចហើយ អនុញ្ញាតឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង»។ ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលស្ត្រីខ្មែរមានសញ្ជាតិអាមេរិកាំងម្នាក់ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។ សូមបញ្ជាក់ថា តាមវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកក្នុងប្រទេសកម្ពុជា ត្រូវពិនិត្យរកជំងឺកូវីដ១៩ និងដាក់ចត្តាឡីស័ករយៈពេល២៤ម៉ោង។ ក្នុងករណីមានអ្នកដំណើរណាម្នាក់រកឃើញមានជំងឺកូវីដ១៩ នោះអ្នកដំណើរក្នុងយន្តហោះទាំងអស់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានរៀបចំ ឬទៅសណ្ឋាគារប្រសិនបើអ្នកដំណើរមិនចង់ធ្វើចត្តាឡីស័កនៅទីតាំងដែលក្រសួងបានរៀបចំទេនោះ។ តែប្រសិនបើក្នុងយន្តហោះមិនមាននរណាម្នាក់មានជំងឺកូវីដ១៩ទេនោះ អ្នកដំណើរទាំងអស់អនុញ្ញាតឱ្យធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែត្រូវម្ចាស់ការក្នុងការធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃផងដែរ។ លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តការពារសុវត្ថិភាពសុខភាពខ្លួនឯង និងក្រុមគ្រួសារឱ្យបានខ្ពស់ កុំឱ្យឆ្លងជំងឺកូវីដ១៩។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយត្រូវពាក់ម៉ាសការពារឱ្យបានល្អ មិនត្រូវធ្វេសប្រហែសដោយប្រមាថថាមិនអីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់កន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញ ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សម្តេចតេជោ ក៏បានជូនពរឱ្យពលរដ្ឋខ្មែរចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៦នាក់ (ស្រី ៣៩នាក់ និងបុរស ៩៧នាក់) ហើយ ៣៥នាក់កំពុងសម្រាកព្យាបាល។ ក្នុងងនោះ ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ហើយ២នាក់ជាមន្ត្រីស្ថានទូតអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
540 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7689 នាក់
ខែនេះ :
27242 នាក់
3 ខែនេះ :
61075 នាក់
សរុប :
2511782 នាក់