លោក កឹម សុខា ត្រូវបានតុលាការក្រើនរំលឹកអោយ គោរពបានម៉ឺងម៉ាត់នូវកាតព្វកិច្ច ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ក្រោយចុះជួបពលរដ្ឋតាមមូលដ្ឋាន
(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតមួយក្រើនរំលឹកដល់ ឱ្យមានស្មារតីគោរពឱ្យបានហ្មត់ចត់ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈដែល ជនជាប់ចោទរូបនេះបានចុះទៅកាន់មូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រ និងធ្វើសកម្មភាពផ្សេងៗទៀត។
យោងតាមលិខិតរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ញើទៅកាន់ លោក កឹម សុខា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដែលអង្ឡភាពសារព័ត៌មានខ្មែរឯករាជ្យទទួលបាននៅថ្ងៃទី២១ ខែកក្កដានេះ បានឱ្យដឹងថា តបតាមកម្មវត្ថុ និងយោងខាងលើក្រុមប្រឹក្សាជំនុំជម្រះ បានទទួលរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលទទួលបន្ទុកតាមដាន និងអនុវត្តដីកាសម្រេចដាក់ជនត្រូវចោទឈ្មោះ កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បានបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ ជនជាប់ចោទបានធ្វើសកម្មភាពមួយចំនួន ជាពិសេសនៅតាមបណ្ដាខេត្ត ឱ្យបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការប្រមូលផ្ដុំ ជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ក្រោមរូបភាពផ្សេងៗ។ ដូច្នេះក្រុមប្រឹក្សាជំនុំជម្រះ កត់សម្គាល់ឃើញថា សកម្មភាពទាំងអស់នេះ អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវដាក់លើជនជាប់ចោទ។
ក្រុមប្រឹក្សាជំនុំជុំម្រះបានរំលឹកថា តាមចំណុច២ នៃសេចក្ដីសម្រេច នៃដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ និងដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ៨៨០៤ «គ» ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ចជាក់លាក់មួយចំនួន ជាពិសេសហាមជនត្រូវចោទមិនត្រូវធ្វើសកម្មភាពនយោបាយនោះឡើយ។
«ដើម្បីធានាបាននូវការគោរពចំពោះកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដូចជាសន្តិសុខផ្ទាល់ខ្លួន និងផលប្រយោជន៍ស្របច្បាប់របស់ជនជាប់ចោទសម្រាប់សវនាការបន្ត នាពេលខាងមុខនេះ ក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការក្រើនរំលឹក ជនជាប់ចោទ ត្រូវមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការ បានតម្រូវដាក់លើ ជនជាប់ចោទ ដូចមាននៅក្នុងដីកាសម្រេចខាងលើនេះ ហើយដែលមានអានុភាពរហូតដល់ពេលសាលក្រមត្រូវបានប្រកាសស្រប តាមបញ្ញត្តិមាត្រា ៣៥២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។ នេះបើតាមលិខិតរបស់ក្រុមប្រឹក្សាជំនុំជម្រះ។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោមការប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។
ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
ក្រោយពេលមានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យនេះ លោកបានជួបជាមួយនឹងតំណាងទូតជាច្រើន ព្រមទាំងបានធ្វើសកម្មភាពផ្សេងៗច្រើនជាងមុន។ កាលពីពេលថ្មីនេះ លោកបានចុះទៅកាន់មូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រ និងប្រជាពលរដ្ឋមួយចំនួន៕