ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង ស្ថិតនៅចំណុចក្រោយផ្សារ ភូ ពុយ ក្នុងភូមិចំការសំរោង២ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាងមួយចំនួន។ក្នុងប្រតិបត្តិការចុះទៅបង្ក្រាបនេះ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក គេហទំព័រ និងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាការពារសន្តិ សុខសង្គម និងពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចក៏បាន បញ្ជាក់ថា ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ លឹម ពុទ្ធីឡា ស្នងការរង ទទួលបន្ទុផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបដោយបានចុះបង្ក្រាបករណីទីតាំងលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើ។ ជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន :សម្ភារ:កែច្នៃ (ទរទឹកភ្លៀង)មួយឈុត,វិទ្យុទាក់ទងចំនួន០៦គ្រឿង,ឆ្នាំងសាកវិទ្យុ ទាក់ទងចំនួន០៣គ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង។ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយសារការលេងនេះ មិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ។ ប៉ុន្តែប្រជាពលរដ្ឋបានសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចថា ជាការចាប់ខុយៗ មិនចំមនុស្សរួចដោះសារមិនមានភ័ស្តុតាងដាក់បន្ទុក ដែលការចាប់យកបានតែកាកសំណល់ល្បែងស៊ីសងបែបនេះ វាខុសពីអ្វីដែលគណ:កម្មការបង្ក្រាបបទល្មើសបានដាក់ចេញនូវវិធានការអនុវត្តន៍ច្បាប់តាមបទបញ្ជាឲ្យចាប់ទាំងមនុស្សរួមនឹងវត្ថុតាងក្នុងការដាក់បន្ទុកទៅលើជនសង្ស័យលើករណីអ្វីមួយ ដូចជាករណីសេពគ្រឿងញៀន មិនមែនចាប់យកតែថ្នាំញៀន ឯជនប្រព្រឹត្តឲ្យរួចខ្លួននោះឡើយ។ ប្រជាពលរដ្ឋលើកឡើងថា ករណីមេបនល្បែងស៊ីសងខុសច្បាប់ លោក អួន តាល់ វិញពុំដឹងថាមានខ្នងបង្អែកនៅពីក្រោយធំប៉ុនណាទេ បានជាសមត្ថកិច្ចមិនហ៊ានក្របួចយកមកផ្តន្ទាទោស? ឬមួយធ្លាប់ត្រូវថ្នាំសណ្តំរបស់លោក អួន តាល់ ដែលបានចំណាយអស់រាប់សិបម៉ឺនដុល្លារ ដើម្បីបិទមាត់ដោតច្រមុះដល់មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង នាពេលកន្លងមក បន្ទាប់ពីមានការដកតំណែចៅហ្វាយខេត្តរងកាងដីមន្ត្រីបង់ខែ…ចំណែកថៅកែល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ អួន តាល់ ក៏ត្រូវអស់យីអ៊ុននៅពេនេះ ក្រោមកណ្តាប់ដៃស្នងការរងថ្មី លោក លឹម ពុទ្ធីឡា ទើបឡើងកាន់តំណែងកំពុងបញ្ចេញស្នាដៃយ៉ាងសកម្មក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសតាមការប្តេជ្ញាចិត្តពេលទទួលភារកិច្ចពីថ្នាក់ដឹកនាំ ដើម្បីរក្សាការពារនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុត ប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅ ដោយសង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់មេបនឧក្រិដ្ឋជនសម្ងាត់ (mafia) អួន តាល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់និងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងភ្នាល់ទឹកភ្លៀង នៅទីតាំងខាងលើ នេះតទៅទៀតឡើយ ។ សារព័ត៌មានខ្មែរជាយដែនយើងសូមគាំទ្រជំហរដឹកនាំការងារបង្ក្រារបស់សមត្ថកិច្ច នឹងចូលរួមកិច្ចសហប្រតិបត្តិការណ៍ជានិច្ចគ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធ និងមជ្ឈដ្ឋាននានាផ្តល់ព័ត៌មានដើម្បីផ្សព្វផ្សាយបន្តនៅពេលក្រោយទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា