ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជា​បន្ថែម​ឲ្យ​អភិបាលខេត្ត ចុះ​ជួប​ពលរដ្ឋ​ផ្ទាល់ ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី
Fr,10 Juli 2020 (Time 08:38 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 927នាក់)


​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែ​នាំទៅ​អភិបាលខេត្ត ឲ្យ​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ នៅ​កន្លែង​ណា ដែលមាន​ទំនាស់​ដីធ្លី ដើម្បី​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ពី​សាវតារ​នៃ​ទំនាស់​ដីធ្លី​នោះ និង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​។ សម្តេច ប្រាប់​អភិបាលខេត្ត​ថា ការចុះ​ជួប​ប្រជាពលរដ្ឋ​និង​ការចុះ​ស្រាវជ្រាវ​ដោយផ្ទាល់ គឺ​ដើម្បី​ធ្វើជា​មូលដ្ឋាន ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​។​ ​ការណែនាំ​របស់​សម្តេច ស ខេង គឺធ្វើឡើង​តាមរយៈ​លិខិត ដែល​ផ្ញើជូន​ទៅគ្រប់​អភិបាលខេត្ត នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​។ សម្តេច ណែនាំ​អភិបាលខេត្ត ឲ្យ​ណែនាំ​បន្ត ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​បញ្ជាក់​ឬ​ចុះហត្ថលេខា​លើ​លិខិតស្នាម​នានា ពាក់ព័ន្ធ​នឹង​ដីធ្លី ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ បែបបទ និង នីតិវិធី​។ ​រដ្ឋមន្ត្រី​មហាផ្ទៃ ជំរុញ​ឲ្យ​អភិបាលខេត្ត «​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​» លើ​មន្ត្រី ដែល​បញ្ជាក់​ឬ​ចុះហត្ថលេខា​លើ​លិខិតស្នាម​មិន​ស្របច្បាប់ ពាក់ព័ន្ធ​នឹង​ដីធ្លី​។ ​លើសពីនេះ សម្តេច​រដ្ឋមន្ត្រី ជំរុញ​ឲ្យ​អភិបាលខេត្ត យកចិត្តទុកដាក់​ចំពោះ​ស្ថិតិ​ប្រជាព​រដ្ឋ និង​ដីធ្លី​របស់​ពួកគាត់ ដែល​កាន់កាប់​និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​មកហើយ នៅក្នុង​តំបន់ការពារធម្មជាតិ និង​តំបន់​គម្រប​ព្រៃ ដើម្បី​កាត់​ឆ្វៀល​ដី​និង​ផ្តល់​កម្មសិទ្ធិ​ជូន​ពួកគាត់ ព្រមទាំង​រៀបចំ​ដី​១០​ភាគរយ​ទៀត សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍​។ ​មាត្រា​៣០​នៃ​ច្បាប់​ភូមិបាល ចែងថា បុគ្គល​ទាំងឡាយ ដែល​បាន​អាស្រ័យ​ផល នៃ​ភោគៈ​ដោយ​សន្តិវិធី និង មិនមាន​ការជំទាស់​ចាប់ពី​៥​ឆ្នាំ​យ៉ាងតិច មាន​សិទ្ធិ​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​។ ភោគៈ គឺ​សំដៅលើ​ទ្រព្យសម្បតិ្ត​ជា​ដីធ្លី ដែល​បុគ្គល​ណា​ម្នាក់ កំពុង​កាន់កាប់​ស្របច្បាប់​និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន តែ​មិនទាន់មាន​ប្លង់រឹង ពី​ក្រសួង​ដែនដី​។ ​សម្តេច​រដ្ឋមន្ត្រី នៅ​ក្រើនរម្លឹក​ទៀតថា អភិបាលខេត្ត ត្រូវ​បង្កើន​ការតាមដាន​និង​ការគ្រប់គ្រង​សភាពការណ៍ ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅតាម​តំបន់ការពារធម្មជាតិ​និង​តំបន់​គម្រប​ព្រៃ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រុក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត​។ ​សម្តេច សង្កត់ធ្ងន់​ជាមួយ​អភិបាលខេត្ត​យ៉ាង​ដូច្នេះ​ថា​៖«​រាល់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ថ្មី លើ​ដៃ​ព្រៃ​ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ត្រូវ​ហាម​ដាច់ខាត ហើយ​ត្រូវ​ប្រើ​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ឲ្យ​តឹងរឹង​និង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​»​។​ ​ជាមួយគ្នានេះ អភិបាលខេត្ត ត្រូវ​អប់រំ​និង​ណែនាំ​ប្រជាពលរដ្ឋ ដើម្បី​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់​ឬ​ជនខិលខូច ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍​ពី​បញ្ហាដីធ្លី​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​រដ្ឋ​មន្ត្រី​ដដែល ហើយ​សម្តេច ដាក់​បញ្ជា​ថា​៖«​ករណីនេះ ត្រូវមាន​វិធានការ​បង្ក្រាប​មេខ្យល់​និង​ជនខិលខូច​ទាំងនោះ ស្របតាម​ច្បាប់​ជា​ធរមាន​»​។ ​សម្តេច​រដ្ឋមន្ត្រី​មហាផ្ទៃ ចេញ​បញ្ជា​នេះ គឺជា​ការបន្ថែម​ទៅនឹង​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា ដំណាក់កាល​នេះ គឺ​ត្រូវ​វះកាត់​រាល់​ជនខិលខូច ដែល​គប់គិត​គ្នា យក​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ​។ ​ប្រមុខ​រដ្ឋាភិបាល​ថា បើ​រកឃើញ​ជនខិលខូច​ទាំងនោះ គឺ​ត្រូវ​ផ្តន្ទាទោស និង​ឈានដល់​ការដកហូត​មុខតំណែង ហើយ​ថែមទាំង​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​អ្នកមានអំណាច​ឬ​ពួក​ឧកញ៉ា​-​ឯកឧត្តម គឺជា​បញ្ហា​រ៉ាំរ៉ៃ​និង​ស្មុគស្មាញ​មួយ នៅ​កម្ពុជា​។ មកដល់​បច្ចុប្បន្ន នៅតែមាន​ប្រជាពលរដ្ឋ បន្ត​ទាមទារ​និង​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល លើ​ការរំលោភបំពាន​ដីធ្លី​និង​ផ្ទះសម្បែង​របស់​ពួកគាត់ ពី​សំណាក់​អ្នកមាន​លុយ​-​មានអំណាច​។ រដ្ឋាភិបាល ក៏​ប្រឹងប្រែង​ដោះស្រាយ​ដែរ តែ​នៅតែ​មិន​អស់​៕ ​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2078 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4711 នាក់
ខែនេះ :
17101 នាក់
3 ខែនេះ :
56847 នាក់
សរុប :
2482556 នាក់