សម្ដេច ស ខេង៖ ស៊ុយអែតបង្វែរជំនួយពីរដ្ឋាភិបាល មិនមែនជាកំហុសទេ តែយើងត្រូវភ្ញាក់រំឭកខ្លួនឯង
ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត បង្វែរជំនួយពីរដ្ឋាភិបាល ដើម្បីយកទៅពង្រឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ មិនមែនជាកំហុសទេ តែវាជាការដាស់ឱ្យកម្ពុជា ភ្ញាក់រំឭកខ្លួនទៅវិញ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំង និងសមិទ្ធផលនានា របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ សីហានេះ។
សម្ដេច ស ខេង បានបញ្ជាក់ថា ការបង្វែរជំនួយទៅលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ វាក៏ជាផ្នែកមួយល្អសម្រាប់កម្ពុជា ដែលត្រូវពង្រឹងការងារខ្លួន ដើម្បីកុំឱ្យមានកំហុសឆ្គងដែរ។ ថ្លែងចំពោះមុខអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តត្បូងឃ្មុំ សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«(ស៊ុយអែត)គាត់ថា គាត់នៅតែជួយកម្ពុជា ប៉ុន្តែលុយនោះ បង្វែរទៅរឿងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូច្នេះគាត់នឹងប្រើលុយនេះ តាមរយៈNGO(សង្កមស៊ីវិល) ។ អ៊ីចឹងហើយ យើងត្រូវគិតថា វាជានយោបាយរបស់គេ ដោយយើងមិនត្រូវចាត់ទុកស៊ុអែតខុសទេ ព្រោះរដ្ឋធម្មនុញ្ញយើង ក៏ប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្សដែរ។ ដូច្នេះគឺថា វាអត់មានអីខុសទេ។ ប៉ុន្តែយើង ដល់ពេលហ្នឹង យើងត្រូវភ្ញាក់រំឭកខ្លួនឯង ត្រូវខិតខំប្រឹងប្រែងយ៉ាងម៉េច ដើម្បីកុំឱ្យមានកំហុសធំដុំ ដែលគេអាចយកទៅជាឈ្នាន់»។
កន្លងមករដ្ឋាភិបាលស៊ុយអែត បានផ្ដល់ជំនួយថវិកាជាង២០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដល់រដ្ឋាភិបាល សម្រាប់អនុវត្តលើគម្រោងបរិស្ថាន អប់រំ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។នេះបើតាមសម្ដេច ស ខេង។
កាលពីថ្ងៃទី១២ មិថុនាកន្លងមក រដ្ឋាភិបាលស៊ុយអែត បានសម្រេចបង្វែរជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជា ដោយផ្ដោតទៅលើការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋវិញ។ ស៊ុយអែត ក៏បានរៀបរាប់ថាមូលហេតុដែលខ្លួនចង់ពង្រឹងលើវិស័យទាំង៣នេះ ព្រោះមើលឃើញពីលំហប្រជាធិបតេយ្យនៅកម្ពុជា រយៈពេលចុងក្រោយនេះ មានការរឹតត្បិតសេរីភាពធ្ងន់ធ្ងរ។ ស៊ុយអែត នឹងផ្ដល់ជំនួយគាំទ្រលើការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនេះ តាមរយៈអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ជំនួយអភិវឌ្ឍន៍របស់ស៊ុយអែតសម្រាប់កម្ពុជា កាលពីឆ្នាំ ២០១៩ មានទឹកប្រាក់ជិត ២៤ លានដុល្លារអាមេរិក។ នេះបើយោងតាមស្ថានទូតស៊ុយអែតប្រចាំកម្ពុជា៕