ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋម្នាក់ទៀតគ្រោង ដាក់ពាក្យប្តឹង លោកសាន វិជ្ជាសារ៉ាវុធ ទៅអង្គភាពប្រឆាំងអំពើពុករលួយ រឿងប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ
Mon,01 November 2021 (Time 11:55 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 736នាក់)


ក្នុងពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទទួលលបាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពលរដ្ឋម្នាក់គ្រោងដាក់ពាក្យប្តឹងសុំ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយបើកការស៊ើបអង្គេត លើប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ក្នុងករណីបានជំរិតទារលុយបង់ក្បាលឡានជាច្រើនលានរៀល ដោយមិនមានឯកសារផ្លូវច្បាស់លាស់ក្នុងពេលបំពេញការងារ។ ពលរដ្ឋបានរៀបរាប់ថា នៅកំឡុងដើមឆ្នាំ២០២០ ពេលដែលជំងឺកូវីដ១៩ ឆ្លងចូលមកប្រទេសកម្ពុជា ពេលនោះតំបន់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតត្រូវបានបិទមិនឲ្យពលរដ្ឋខ្មែរ-ថៃចេញចូលប្រទេស ម្លោះហើយនៅខែកក្កដា ឆ្នាំ២០២០ រូបលោកបានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅក្នុងផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករនៅក្នុងខេត្តបន្ទាយមានជ័យ។ នៅខែសីហា ឆ្នាំ ២០២០ កំឡុងពេលកំពុងដឹកទំនិញឲ្យអាជីវករ នាភូមិសាស្រ្តទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្រាប់តែលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តរបស់លោក ដើម្បីឆែកឆេទំនិញនៅលើឡាន។ ក្រោយការឆែកឆេ លោក សាន វិជ្ជាសារ៉ាវុធ បានតម្រូវឲ្យលោកបង់លុយចំនួន ៥០០០បាត (ប្រាំពាន់លុយបាត) ដោយគ្មានវិក័យប័ត្រ ឬលិខិតស្នាមអ្វីទាំងអស់។ លោកសាន វិជ្ជាសារ៉ាវុធ បានប្រាប់ថា ប្រសិនបើលោក មិនបង់ប្រាក់ទេ លោកសាន វិជ្ជាសារ៉ាវុធ នឹងចាប់រថន្តមិនឲ្យប្រកបមុខរបរដឹកទំនិញបន្តទៀតទេ។ នៅពេលនោះដោយសារការភ័យខ្លាច មិនចង់មានរឿង ពលរដ្ឋក៏បានស្នើសុំបង់លុយត្រឹម ៤០០០បាត (បួនពាន់បាត) វិញ។ ពលរដ្ឋបន្ថែមថា កំឡុងពេលដឹកទំនិញតាមផ្លូវជាតិលេខ៥៨ ក្រវាត់ព្រំដែន ចាប់ពីបានស្គាល់មន្ត្រី ក.ប.ប គេតែងសង្គេតឃើញថា បន្ទាប់ពីផឹកស៊ីស្រវឹងជោគ ឬស្រវឹងស្រឿងៗ មានក្លិនស្រាពេញខ្លួន លោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រីក្រោមឱវាទ តែងតែដើរកាក់ឡានដឹកទំនិញនៅតាមដងផ្លូវ និងឆែកឆេ រើទំនិញចេញពីឡានបង្កភាពស្មុគស្មាញ និងធ្វើឲ្យយឺតយ៉ាវជាប្រចាំ។ នៅកំឡុងខែសីហា ឆ្នាំ២០២០ ក្រោយពីការរើជជុះទំនិញនៅលើរថយន្តជាបន្តបន្ទាប់ លោកសាន វិជ្ជាសារ៉ាវុធ បានតម្រូវឲ្យលោកបង់លុយប្រចាំខែចំនួនមួយខែ ២០០០០០០រៀល (ពីរលានរៀល) ជារៀងរាល់ខែ ដោយគ្មានវិក័យបត្រអ្វីទាំងអស់។ លោកសាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ប្រសិនបើមិនបង់ទេ លោកមានសិទ្ធិចាប់ទំនិញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយការភ័យខ្លាចការគំរាមកំហែង និងមិនសូវយល់ពីតួរនាទីភារកិច្ចរបស់មន្ត្រីក.ប.ប លោកក៏បាន បង់លុយប្រចាំខែតាមការទាមទារ។ រហូតដល់ខែមករា ឆ្នាំ២០២១ បន្ទាប់ពីជំងឺកូវីដ១៩ ឆ្លងរីករាលដាលខ្លាំងនៅក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ នៅពេលនោះខ្ញុំបាទក៏បាន ស្នើសុំបន្ធូបន្ថយបង់ប្រាក់ ដោយគិតត្រឹម ៣ខែ ៤០០០០០០រៀល (បួនលានរៀល)វិញ។ របៀបបង់ប្រាក់គឺឲ្យលុយផ្ទាល់ទៅឈ្មោះ សាន វិជ្ជាសារ៉ាវុធ និងផ្ញើលុយតាម Wing, True Money, E-Money ឲ្យឈ្មោះ ឈួន ពិសី ជាមន្ត្រីក.ប.ប ត្រូវជាក្មួយរបស់លោកសាន វិជ្ជាសារ៉ាវុធ។ ។ តាមពលរដ្ឋដែលគ្រោងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសារគ្មានទំនុកចិត្ត និងបានស្តាប់ព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក័យប័ត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ លោកក៏សម្រេចចិត្តឈប់បង់លុយឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យបន្តទៀត។ ពលរដ្ឋដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាដោយសារចង់រក្សាតឹងតាងបញ្ជាក់អំពីសកម្មភាព ជំរិតទារប្រាក់ប្រចាំខែរបស់លោក សាន វិជ្ជាសារ៉ាវុធ លោកក៏បានថតទុករូបភាពវីឌីអូ នៅកំឡុងពេលដែលមន្ត្រីក.ប.ប កោះហៅទៅឲ្យបង់ប្រាក់ ដោយក្នុងវីឌីអូមានបញ្ជាក់យ៉ាងច្បាស់ គឺមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យបានទទួលស្គាល់ បានយកប្រាក់ពីពីរូបលោកយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះពលរដ្ឋក៏បានរក្សាទុកនូវសារសំឡេង ឆ្លងឆ្លើយទារប្រាក់ប្រចាំខែ និងមានវិក័យប័ត្រផ្ញើលុយចេញចូលជាប្រចាំ។ ដោយកើតទុក្ខមិនសុខចិត្ត ពលរដ្ឋស្នើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់មិនគួរលើកលែង។ កន្លងមកមានក្រុមអាជីវករចំនួនពីរនាក់ឈ្មោះ ហម គឹមវង់ និង ឈ្មោះ សូ សាមឿន រស់នៅខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសារលោក សាន វិជ្ជា​សារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ គំរាមទារលុយពីពួកគាត់ដោយគ្មានវិក្កយបត្រត្រឹមត្រូវ។ នៅក្នុងពាក់បណ្តឹងដែលបានដាក់ជូនរួចជាស្រេចទៅអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានគឺបានបញ្ជាក់យ៉ាងច្បាស់នូវទង្វើរបស់លោក សាន វិជ្ជា​សារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងបក្ខពួក។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានារង់ចាំមើលចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើលោក សាន វិជ្ជា​សារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងបក្ខពួក។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1406 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8555 នាក់
ខែនេះ :
28108 នាក់
3 ខែនេះ :
61941 នាក់
សរុប :
2512648 នាក់