ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកមេឃុំភ្នំលៀប មានរឿងអាស្រូវពាក់ព័ន្ធនិងបទល្មើសទន្ទ្រានដីរដ្ឋខុសច្បាប់ ក្លាយជាបេក្ខភាពមេឃុំលេខរៀងទី១
Mon,13 December 2021 (Time 08:51 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1059នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២១ សារព័ត៌មានខ្មែរជាយដែន បានចុះសំភាសន៍យកព័ត៌មាន នៅក្នុងភូមិមួយចំនួន ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លើករណីអាជ្ញាធរចូលរុករាន ទន្ទ្រានយកដីរដ្ឋខុសច្បាប់ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ សារព័ត៌មានយើងខ្ញុំ បានចុះសំភាសន៍ ប្រជាពលរដ្ឋនៅភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិទ្រលោកជើង ភូមិទ្រយោង និងភូមិកំបោរ ស្ថិតនៅក្នុងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ទាក់ទងនិងការចូលរុករានទន្ទ្រានព្រៃលិចទឹក នៅតំបន់ ៣ ស្ថិតនៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ នៅក្នុងឃុំភ្នំលៀប មានការចូលរុករានទន្ទ្រានដីចំនួន ៧ ទីតាំង ដែលមានផ្ទៃដីសរុប ស្មើ៤.៧០០ហិចតា នេះបើតាមរបាយការណ៍រដ្ឋបាល ខេត្តបន្ទាយមានជ័យ ។ លោក អែម ណុយ ជាមេឃុំភ្នំលៀប ជាតួអង្គមួយ ក្នុងការទទួលខុសត្រូវ ក្នុងរឿងនេះ ដែលលោកមេឃុំបានចូលរួម យកគ្រឿងចក្ររបស់ខ្លួន ទៅឈូសឆាយនៅលើដីដែនអភិរក្សនេសាទតំបន់ ៣ ដូចនៅចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ហើយចំណែកដីជិត ៥០០០ហិកតា លោកបានចូលកាន់កាប់ ខ្លួនផង និង ឃុបឃិតជាមួយអ្នកមានលុយ អ្នកមានអំណាច ចូលរួមផងដែរ ។ បើតាមរបាយការណ៍ និង ការផ្តល់សំភាសន៍របស់សារព័ត៌មានយើង ទទួលបាន លោក អែម ណុយ ជាមេឃុំភ្នំលៀប មានលក្ខណៈ ឃុបឃិតជាលក្ខណៈប្រព័ន្ធ ចាប់តាំងពីភូមិ ឃុំ រដ្ឋបាលជលផល លោកអភិបាលស្រុក ដើម្បីរៀបចំជាសេនារីយ៉ូ ជាក្រុម ចូលរុករានទន្ទ្រានដីរដ្ឋខុសច្បាប់ ។ ចំណែកដីលោក លី សំអាន ជាឈ្មួញ មានចំនួន ២ ទីតាំងៈ ទីតាំង ទី១ មានដីទំហំ ៣៨០ ហិកតា ស្ថិតនៅភូមិកាប៉ៅ ឃុំភ្នំលៀប និងទីតាំងទី ២ មានទំហំ ៣៩០ ហិកតា ស្ថិតនៅ ភូមិកំពង់ក្រសាំងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បើយោងតាមផែនទីគោល ចុះហត្ថលេខា ដោយលោក អាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ។ ការចូលរុករានទន្ទ្រានដីរដ្ឋខុសច្បាប់ បានរៀបចំជាលក្ខណៈប្រព័ន្ធដែរ យើងឃើញមានឈ្មោះគណៈកម្មការ រៀបចំឡើង ដើម្បីចូលរួមធ្វើឯកសារយកដីរបស់រដ្ឋ ដោយខុសច្បាប់គឺ៖ ១. លោក ខ្វាន់ កែប មេភូមិ កំបៅ ២.លោក សាត អឿង មេភូមិកំពង់ក្រសាំង ៣. លោក អែម ណុយ មេឃុំភ្នំលៀប ៤. លោក ឈឿន ក្រៃយ៉ុង ជានាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ៥.លោក ឈុន ប៊ុនថា ជានាយកទីចាត់ការអន្តរវិស័យខេត្ត ៦. លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ត ៧. លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ ៨. លោក អុិន ផាត នាយករងទីចាត់ការអន្តរវិស័យ ខេត្ត ៩. លោក ឡុញ វុទ្ធី នាយកខ័ណ្ឌរដ្ឋបាលជលផល ខេត្ត ១០. លោក សោម មឿន ប្រធានការិយាល័យគ្រប់គ្រង ការអភិវឌ្ឍន៍និងសំណង់សាលាខេត្ត ១១. លោក ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ ១២. លោក ទេព រដ្ឋា ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ ១៣. លោក សុខ ជឿង នាយសង្កាត់រដ្ឋបាលជលផលស្រុកព្រះនេត្រព្រះ ១៤. លោក ហេង ហុង នាយសង្កាត់រដ្ឋបាលជលផលស្រុកព្រះនេត្រព្រះ ១៥. លោក អាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ១៦. លោក កែវ ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកព្រះនេត្រព្រះ ១៧ លោក ស្វាត ចាន់សី និង លោក ជា សុថុន ជាអ្នកចុះវាស់វែងគូផែនទី នៅក្នុងលិខិតដោយឡែកមួយផ្សេងទៀត កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានដាក់លិខិតស្នើសុំសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន សុំដីព្រៃលិចដែនអភិរក្ស នេសាទ តំបន់ ៣ ជូនលោក លី សំអាន ដើម្បីបានកាន់កាប់អាស្រ័យផលស្របច្បាប់ ។ ក្នុងការឆ្លើយតបនេះ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ឯករដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានយល់ស្របលើ សំណើរ របស់ អភិបាលខេត្តបន្ទាយមានជ័យទេ ដោយបានជំរាបជូនទៅរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ ឲ្យមើលច្បាប់ ជលផល ។ នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២០ ខាងក្រសួងរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានចេញលិខិតជូន ខាងមន្ទីរដែនរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបន្ទាយ មានជ័យ ដោយបានបញ្ជាក់អំពីយល់ស្របតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ តែចំណែកដី ដែលលោក លី សំអាង បានចូលរុនរានទន្ទ្រានបំផ្លិចបំផ្លាញជំរកត្រីពងកូន ក្នុងចំណុច ២ ខាងលើនោះ នៅតែកាន់កាប់ដីរដ្ឋខុសច្បាប់ដដែល ដោយសារតែមានការគាំទ្រពី មន្ត្រីធំៗគ្រាក់ៗខាងលើ ។ ចំពោះទោស ទណ្ឌ ក្នុងការប្រព្រឹត្តបទល្មើសនេះ មិនត្រូវបានអាជ្ញាធរ មានចំណាត់ការឡើយ សូម្បីលោកព្រះរាជ្ញា អមសាលា ដំបូង ខេត្តបន្ទាយមានជ័យ អង្គុយនៅក្នុងតុលាការ ដូចអ្នកតា អត់បន់ មិនបានខ្វល់ខ្វាយក្នុងការ ចាត់វិធានការ ចាប់ជនប្រព្រឹត្តមកផ្ទាទោសឡើយ ។ បើតាមប្រភពព័ត៌មាន សារព័ត៌មានខ្មែរជាយដែនយើងខ្ញុំទទួលបាន ជនប្រព្រឹត្តបទល្មើស ចូលរុករានទន្រ្ទានដី រដ្ឋខុសច្បាប់ មានមន្ត្រីរាជការ អ្នកមានលុយ អ្នកមានអំណាច និងប្រជាពលរដ្ឋ ចំនួន ៤៣៩ នាក់ ជាចំនួន ប៉ាន់ ប្រមាណនៅឡើយ នៅសល់មន្ត្រីអាជ្ញាធរ ជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធ មិនទាន់ចេញឈ្មោះ ។ ក្នុងចំណាត់ការ ទៅលើករណីប្រព្រឹត្តបទល្មើស ចូលរុករានទន្ទ្រានព្រៃលិចទឹក ដែនអភិរក្សនេសាទតំបន់ ៣នេះ មកទល់ពេលនេះ មានមនុស្សជាង ១០ នាក់ ត្រូវបានសមត្ថកិច្ចហៅ សាកសួរ តែជនប្រព្រឹត្តមួយចំនួនធំ នៅមានសេរីភាពរំភើយ ។ ប្រជាពលរដ្ឋដែលមានលើកឡើងថាៈ ចំណាត់ការផ្លូវច្បាប់ទៅលើជនប្រព្រឹត្តទាំង អស់នោះ ដូចចម្រៀង បណ្តាំនាងកែវសុមន្ទា “ នៅពេលប៉ៈចំខ្សែស្រឡាយរបស់ខ្លួន ចាត់វិធានការតាមផ្លូវច្បាប់ យឺត ហើយនិងអាចរួចខ្លួនទាំងអស់” ដូចនេះបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហាក់ដូចជាមិនមាន យុត្តាធិការគតិយុត្តិណាមួយ មកលើមន្ត្រី ខេត្តបន្ទាយមានជ័យឡើយ ដោយសារមន្ត្រីខិលខូចមួយចំនួន នាំគ្នា លាក់បាំងសម្តេច ។ ក្នុងអំពើលាក់បាំង ប្រព្រឹត្តបទល្មើសជាលក្ខណៈប្រព័ន្ធនេះដែរ ប្រជាពលរដ្ឋបានលើកឡើងដែរថា នៅឃុំភ្នំលៀប លោក អែម ណុយ ជាមេឃុំភ្នំលៀប បានជាប់បេក្ខភាពលេខរៀងទី ១ ក្នុងគណៈបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិ បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ជាខ្សែស្រឡាយអ្នកប្រព្រឹត្តបទល្មើសយកដីរដ្ឋ ហើយ មន្ត្រីខេត្ត ស្រុក និង មេភូមិ ជាគ្នាគេ ធ្លាប់បានផលប្រយោជន៍រួមគ្នាអញ្ចឹងហើយ បើសិនធ្វើប្រជាមតិ សម្រាប់ប្រជាពលរដ្ឋទូទៅនោះ លោក អែម ណុយ គ្មានសង្ឃឹមទេ ព្រោះគ្មានអ្នកស្រលាញ់ទេ ដោយសារតែមាន រឿងអាស្រូវច្រើន ជីកកាយភ្នំយកដីលក់ ហ៊ុំព័ទ្ធយកដីរដ្ឋលក់ ចូលឈូសឆាយដីរដ្ឋខុសច្បាប់ និងកំរិតវប្បធម៌ទាប ទៀតផង ។ តែជាសំណាងមួយដែរ មិនមានគណៈបក្សប្រឆាំង កុំអីគណបក្សប្រជាជនកម្ពុជា គ្មានកៅអីនៅ សាលាឃុំឡើយ ។ ប្រជាពលរដ្ឋបានសំណូមពរ ស្នើសុំមេបក្សគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ពិចារណាម្តងទៀត ចំពោះបេក្ខភាពនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
951 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8100 នាក់
ខែនេះ :
27653 នាក់
3 ខែនេះ :
61486 នាក់
សរុប :
2512193 នាក់