ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អនុរដ្ឋលេខាធិការពីររូប រងការចោទប្រកាន់ពីបទឆបោក
Mon,25 January 2021 (Time 07:30 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 214នាក់)


ភ្នំពេញ៖ លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលសារព័ត៌មានយើងទើបតែទទួលបាននេះ បានសម្រេចដាក់ឲ្យលោកមាស សាវឿន និងលោក ឆែម ពេត ស្ថិតនៅក្នុងឃុំបណ្តោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកំឲ្យកើតជាថ្មី និងដើម្បីរារាំងកុំឲ្យមានការគៀបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីទប់ស្កាត់ការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត និងដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់ជាសាធារណៈកុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើសនេះ។ ជនត្រូវចោទលោកមាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានចោទប្រកាន់ តាមបណ្តឹងរបស់លោកកាន រិទ្ធី មន្ត្រីក្រសួងមហាផ្ទ និងជាអតីតអភិបាលរងខេត្តប៉ៃលិន។ តាមពាក្យបណ្តឹងរបស់លោកកាន រិទ្ធី បានបញ្ជាក់ថា នៅកំឡុងខែសីហា ឆ្នាំ ២០១៦ ឈ្មោះ ឆែម ពេត បានណែនាំអូសទាញរូបលោកឲ្យទិញដីមួយកន្លែងពីឈ្មោះ មាស សាវឿន។ ដែលពេលនោះលោកកាន រិទ្ធី មិនស្គាល់ថា លោកមាស សាវឿនជាអ្នកណានោះទេ។ ឈ្មោះ ឆែម ពេត បានប្រាប់ថាដីនេះ មានរឿងក្តីតែបានបញ្ចប់រួចរាល់អស់ហើយ ដោយរូបគាត់មានឯកសារនៅក្នុងដៃ ព្រោះគាត់ជាអ្នកកាន់ឯងសាដីនេះទាំងស្រុង។ ឈ្មោះឆែម ពេតបានអះអាងថា នៅខ្វះតែប្រាក់ថ្លៃសុរិយោដីវាស់វែងតែប៉ុណ្ណោះ! បើមានប្រាក់១០ម៉ឺនដុល្លាភ្លាម គាត់នឹងវាស់វែងធ្វើប្លង់ភ្លាម។ លោកកាន រិទ្ធី បានបញ្ជាក់ថាដោយការអូសទាញ ណែនាំពីលោកឆែម ពេត អស់រយៈពេលប្រមាណ៣ខែ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោកសម្រេចទិញដីដែលមាន ទំហំ ២០០០០ ម៉ែត្រការ៉េ (ពីរម៉ឺនម៉ែត្រការ៉េ) ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០ ដុល្លារអាមេរិក (ពីររយដុល្លាអាមេរិក) ក្នុងមួយម៉ែត្រការ៉េ សរុបទឹកប្រាក់ស្មើនឹងចំនួន ៤០០០០០០ ដុល្លាអាមេរិក (បួនលានដុល្លាអាមេរិក)។ ក្នុងកិច្ចសន្យាទិញលក់ដីនេះ បានកំណត់ការទូទាត់ប្រាក់ជា៣ ដំណាក់កាល។ លើកទី១ ត្រូវប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លាអាមេរិកនៅថ្ងៃចុះកិច្ចសន្យា។ លើកទី២ ត្រូវប្រគល់ប្រាក់២សែនដុល្លាអាមេរិក នៅថ្ងៃផ្តិតមេដៃលើលិខិតលក់ផ្តាច់របស់មន្ត្រីសុរិយោដី និងលើកទី៣ ត្រូវប្រគល់ប្រាក់ដែលនៅសល់បន្ទាប់ពីផ្ទេរកម្មសិទ្ធិរួចរាល់ ដោយមានឈ្មោះកាន រិទ្ធី នៅលើប័ណ្ណកម្មសិទ្ធិ។ ក្នុងពាក្យបណ្តឹងលោក កាន រិទ្ធី បានបញ្ជាក់ថា ក្រោយប្រគល់ប្រាក់១០ម៉ឺនដុល្លា លោកមាស សាវឿន បានប្រាប់ថាប្រាក់នេះយកទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ដោយសន្យារយៈពេល១៤ថ្ងៃ។ ប៉ុន្តែ១៤ថ្ងៃក្រោយមក ជាថ្ងៃដែលត្រូវប្រគល់ប្រាក់ជាលើកទី២ និងជាថ្ងៃដែលត្រូវផ្តិតមេដៃលើលិខិតលក់ផ្តាច់របស់មន្ត្រីសុរិយោដី បែជាលោកកាន រិទ្ធី មិនបានទទួលដំណឹងអ្វីសោះអំពីការរត់ប្លង់ដី ហើយក៏គ្មានមានវត្តមានរបស់លោក មាស សាវឿននោះទេ។ ដោយហួសថ្ងៃកំណត់តាមកិច្ចសន្យា លោកកាន រិទ្ធី និងភរិយា បានទាក់ទងសួរនាំលោកមាស សាវឿន តាមទូរស័ព្ទ និងជួបផ្ទាល់ លោកមាស សាវឿន បានឆ្លើយដោះសារជាច្រើនលើកច្រើនសារថាសុរិយោដីមិនទំនេរ ឬថារដ្ឋមន្ត្រីមិននៅជាដើម។ លោកកាន រិទ្ធី បញ្ជាក់បន្ថែមថាក្រោយទទួលលុយ១០ម៉ឺនដុល្លាអាមិរិករួចមក លោកមាស សាវឿនមិនបានអនុវត្តតាមកិច្ចសន្យាផ្តិតមេដៃលើលិខិតលក់ផ្តាច់ បែជាលោកមាស សាវឿន បានមកសុំលុយចំនួន២ម៉ឺនដុល្លាអាមេរិក បន្ថែមទៀតដោយសន្យាថាយកទៅចាក់ដី ធ្វើរបងលើដីដែលលោកបានទិញទៅវិញ។ កំឡុងពេលនោះលោកកាន រិទ្ធី មិនប្រគល់ជូននោះទេ ព្រោះមិនសមហេតុផល និងមិនឃើញមានលិខិតអនុញ្ញាតិអ្វីសោះពីអាជ្ញាធរមានសមត្ថកិច្ច។ បន្តបន្ទាប់មកទៀតភរិយារបស់លោក កាន រិទ្ធី បានហៅទូរស័ព្ទសួរនាំ រឿងដីដែលខ្លួនបានទិញ ពេលនោះលោកមាស សាវឿន ប្រាប់ឲ្យឈប់ហៅទូរស័ព្ទមកខ្លួនទៀត ហើយជំរុញឲ្យប្តឹងទៅតុលាការ។ លោកកាន រិទ្ធី បន្ថែមថា ក្រោយស៊ើបសួរជាក់លាក់ លោកមាស សាវឿន មិនមានដីជាកម្មសិទ្ធិរបស់ខ្លួន សម្រាប់លក់នោះទេ។ បន្ទាប់មកលោកបានស្នើសុំឲ្យលោកមាសសាវឿន ចូលខ្លួនមកដោះស្រាយបញ្ហាដែលបានកើតឡើង តែលោកមាស សាវឿន មិនខ្វល់ និងមានចរិកលក្ខណៈក្រអើតក្រទោមអាងអំណាច បំពានច្បាប់ ខណៈលោកមានតួរនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ស្រាប់។ ដោយសារអស់លទ្ធភាពក្នុងការចចារ និងមើលឃើញពីចេតនាទុច្ចរិត របស់ឈ្មោះ ឆែម ពេត និងលោកមាស សាវឿន ហើយក៏មិនចូលខ្លួនដោះស្រាយជាមួយខ្លួនក្នុងរយៈពេលជិត៤ ឆ្នាំ ម្លោះហើយនៅថ្ងៃទី៨ ខែ ឩសភា ឆ្នាំ២០១៩ ក្រោយពីទទួលបានការណែនាំពីឯកឩត្តម ញឹក ប៊ុនឆៃ លោកកាន រិទ្ធី បានសម្រេចដាក់ពាក្យបណ្តឹងអន្តរាគមន៍មកមហាអយ្យការអមសាលាដឩទ្ទរណ៍ដើម្បីចាត់ការតាមច្បាប់។ សូមបញ្ជាក់ថាជនត្រូវចោទ លោកមាស សាវឿន និងលោកឆែម ពេត គឺជាអតីតមន្ត្រីជំនិតរបស់ ឯកឩត្តម ញឹក ប៊ុនឆៃ ប្រធានគណៈបក្សខ្មែររួបរួមជាតិ ក្រោយមកលោកទាំងពីរបានចុះចូលជាមួយគណៈបក្សប្រជាជនកម្ពុជា។ លោក មាស សាវឿន គឺជាអតីតអភិបាលរងខេត្តព្រះវិហារ លោកធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគាររឿងដីធ្លី។ ហើយកាលពីឆ្នាំ២០១៨កន្លងទៅនេះ លោកមាស សាវឿន រងការចោទប្រកាន់រំលោភយកដីស្របច្បាប់របស់អ្នកស្រី លឹម វណ្ណាស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
238 នាក់
សប្តាហ៍នេះ :
3886 នាក់
ខែនេះ :
26641 នាក់
3 ខែនេះ :
77381 នាក់
សរុប :
1417449 នាក់