ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យកោះហៅអ្នកសារព័ត៌មាន តាមបណ្តឹងអនុប្រធានផ្នែកសារពើពន្ធ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ប្តឹងលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ទៅនគរបាលព្រហ្មទណ្ឌ
Sat,22 October 2022 (Time 09:44 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 871នាក់)


ខេត្តបន្ទាយមានជ័យ៖ បើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដែលយើងទើបទទួលបាន។ ក្នុងលិខិតកោះហៅលេខ២២១ ផ.ព្រទ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តម្រូវឲ្យលោកអ៊ុង ថាប់រាំង ចូលខ្លួននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ លិខិតកោះហៅមិនបានបញ្ជាក់ពីបទចោទទេ តែលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានឲ្យដឹងថាបណ្តឹងនេះគឺអាចជាប់ពាក់ព័ន្ធករណីលោកបានផ្សព្វផ្សាយព័ត៌មានជាវីឌីអូឃ្លីបមានចំណងជើងថា “ពលរដ្ឋចោទប្រកាន់ មន្ត្រីសាខាពន្ធដាខេត្ត ធ្វើឲ្យមានភាពស្មុគស្មាញលើឯកសារបង់ពន្ធ ដើម្បីជំរិតរកផលប្រយោជន៍”កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ ក្នុងវីឌីអូខ្លីបដែលមានរយៈពេល ១០នាទី និង៥៦ វិនាទី បានលើកឡើងមានខ្លឹមសារទាំងស្រុងថា៖ លោកលី គឹមហាក់ និងពលរដ្ឋមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ អះអាងថា មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ តែងតែប្រើបច្ចេកទេសចាប់កំហុសលើឯកសារបង់ពន្ធជូនរដ្ឋ ថាខុសបែបនេះបែបនោះមិនចេះអស់មិនចេះហើយ ធ្វើឲ្យដំណើការបង់ពន្ធប្រថាប់ត្រាយឺតយូរ និងបង្កស្មុគស្មាញគ្រប់បែបយ៉ាង។ ក្នុងគោលដៅជំរុញឲ្យពលរដ្ឋដែលទៅរកសេវាបង់ពន្ធដោយខ្លួនឯង ត្រូវរត់រកឈ្មួញកណ្តាល ឬរកខ្សែបណ្តាញ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ។ សំឡេងលោក លី គឹមហាក់ “ខ្ញុំទៅបង់ខ្វះឯកសារនេះឯកសារនោះរៀបមិនត្រូវ ដល់ពេលមិនត្រូវខ្ញុំព្យាយាមសួរគាត់ថា ឯកសារហ្នឹងខ្វះអ្វីគេ? បើសូរិយោដីចេញឲ្យហើយនៅខ្វះចុះថ្ងៃទី ខ្វះនេះខ្វះនោះ។ បញ្ចាក់នេះបញ្ជាក់នោះដល់ពេលបញ្ជាក់យូរខែគាត់ថាហួសសុពលភាព គេឲ្យយើងធ្វើថ្មីទៀត”។ លោកគឹមហាក់ បន្ថែមថា លោកត្រូវចំណាយពេលរយៈពេលជិត៣ខែដើម្បីទទួលបានការបង់ពន្ធប្រថាប់ត្រា ដែលប្រការនេះធ្វើឲ្យលោកទទួលផលលំបាក ខុសពីការបង់ពន្ធតាមខ្សែបណ្តោយរត់ការតាមរយៈលោក សឿង សីហា ជាមន្ត្រីនៅក្នុងសាខាពន្ធដាខេត្តបន្ទាយមានជ័យ។ សំឡេងលោកលី គឹមហាក់ “ សល់ពេលបង់ពន្ធហ្នឹងគាត់ប្រាប់ខ្ញុំថាឲ្យបាញចូលកុងគេផ្ញើមក គឺកុងលោកព្រំ សាលី។ ហើយបន្ទាប់មកទៀតរង់ចាំមួយខែបានគេទេហៅទៅយកប្លង់ ចឹងគ្រាន់តែពន្ធដាតែឯងនឹងត្រូវរង់ចាំ២ទៅ ៣ខែហើយហ្នឹង”។ មានបទពិសោធន៍ បង់ប្រាក់ពន្ធនៅពន្ធដាខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ លោក គឹមហាក់ លើកឡើងថា បើចង់ឲ្យឯកសារបង់ពន្ធមិនខុសច្រើន និងរត់បានលឿន គឺពលរដ្ឋត្រូវប្រើសេវាក្រោមតុជាជម្រើស។ សំឡេងលោកលី គឹមហាក់ “នេះខ្ញុំសួរតាមអ្នករត់ការគេថាមកពីយើងមិនឲ្យសេវាគេខាងក្រៅចឹងហាស! ជាទូទៅអ្នករត់ការគេត្រូវដងត្រូវផ្លែបានជាគេរត់បានលឿនជាងយើង... មិនមែនមានតែខ្ញុំទេ មានច្រើនគ្នាដែលជួបរឿងនេះ”។ តាមលោកគឹមហាក់ មន្ត្រីពន្ធដាខេត្តបន្ទាយមានជ័យមិនត្រឹមតែមិនបង្កើតឲ្យមានភាពស្មុគស្មាញនៃឯកសារបង់ពន្ធនៃអចលនវត្ថុនោះទេ តែមានមន្ត្រីជាប្រព័ន្ធរៀបស៊ីក្បាលកាក់លើតម្លៃបង់ពន្ធកំណត់ដោយរដ្ឋផងដែរ។ សំឡេងលោកលី គឹមហាក់ “ពីមុនក៏គុណតម្លៃខុសដែរ មុនគុណតម្លៃដីមួយការេ៣០០... តែក្នុងតារាងពន្ធដារមួយការ៉េត្រឹមតែ៨០ទេ...”។ ដោយគ្មានតម្លាភាព និងមិនអាចទទួលយកលក្ខ័ណ្ឌដែលគ្រាន់តែបង់ពន្ធជូនរដ្ឋ ត្រូវឆ្លងកាត់ដំណើការស៊ី និងស៊ូកជាទំរង់នៃការប្រព្រឹត្តិអំពើពុករលួយ និងបក្សពួកនិយមនៅក្នុងជួរមន្ត្រីពន្ធដាខេត្តបន្តាយមានជ័យ ទើបលោកគឹមហាក់ និងពលរដ្ឋខេត្តបន្ទាយមានជ័យជាច្រើនផ្សេងទៀតសម្រេចចិត្តរត់ទៅបង់ពន្ធនៅឯរាជធានីភ្នំពេញជំនួសវិញ។ សំឡេងលោកលី គឹមហាក់ “ដល់ពេលទិញដីគេ២ល្វែងគេថាដីយើងជាប់ពន្ធ២តង់ ខ្ញុំក៏សម្រេចយកមកបង់ពន្ធនៅភ្នំពេញ នៅគេយកតែមួយតង់តែប៉ុណ្ណោះ”។ តាមលោក គឹមហាក់ ក្រោយបង់ពន្ធនៅរាជធានីភ្នំពេញទើបលោកដឹងយ៉ាងច្បាស់ថា ស្ថានភាពនៃការបង់ពន្ធនៅខេត្តបន្ទាយមានជ័យគឺមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ សំឡេងលោកលី គឹមហាក់ “បង់ពន្ធនៅភ្នំពេញចំណេញពេលវេលា.. មិនខុសបែបបទច្រើន... និងមន្ត្រីមានសំដីល្អជាង..”។ តាមប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីឡូតិ៍ ធ្វើផ្ទះល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបស៊ីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត ដោយមានលោកសឿង សីហាជាអ្នកវាយតម្លៃ ។ ពលរដ្ឋអះអាងស្រដៀងគ្នាថា លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធជាអ្នករកផលប្រយោជន៍ ដោយការប្រមូលពន្ធ និងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ និងការវាយតម្លៃទៅលើពន្ធប្រថាប់ត្រាជាដើម គឺអាស្រ័យទៅលើបបូរមាត់របស់លោកសឿង សីហាតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការចោទប្រកាន់នេះ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរជាយដែនថា ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងដូចការលើកឡើងនេះទេ ប្រសិនបើរកឃើញខុសភាពប្រក្រតីដូចការចោទប្រកាន់មែនលោកជំរុញឲ្យពលរដ្ឋដាក់ពាក្យប្តឹងជាផ្លូវការ។ សំឡេងលោកសឿង សីហា “សម្រាប់ខាងខ្ញុំទាក់ទងនឹងការទទួលឯកសារ... ធ្វើអ្វីក៏មានsystem ទាំងអស់... បើរកឃើញថាការយកលុយលើសបងប្អូនអាចដាក់ពាក្យប្តឹងបាន...”។ លោកសឿង សីហា បន្ថែមថាពុំមានមន្ត្រីណាម្នាក់បានយកលុយកាក់ប្រាក់កាសដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនខុសគោលការរដ្ឋកំណត់នោះទេ។ ដោយឡែក នៅពេលសារព័ត៌មានខ្មែរជាយដែន ហៅទូរស័ព្ទសុំការបញ្ជាក់បន្ថែមលើការចោទប្រកាន់នេះ លោកព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យអះអាងថា លោកមិនមែនជាព្រឹម សាលីនោះទេ។ សំឡេងលោកព្រឹម សាលី “ខ្ញុំអត់មាននៅខាងហ្នឹងផង ច្រលំលេខហើយ”។ បើទោះជាមានការចោទប្រកាន់ និងការស្រាយបំភ្លឺបែបនេះក្តី ក៏លោកលី គឹមហាក់ និងប្រជាពលរដ្ឋមួយចំនួនទៀត បានស្នើដោយទទួចឲ្យរដ្ឋាភិបាលជួយសម្រួលដល់ការបង់ពន្ធ នៅខេត្តបន្ទាយមានជ័យ ជាជាងឲ្យពលរដ្ឋចាប់ផ្តើមផ្អើលនាំគ្នារត់ទៅរាជធានីភ្នំពេញច្រើនឡើងៗ។ សំឡេងលោកលី គឹមហាក់ “ខ្ញុំសំណូមពរដល់ប្រមុខរដ្ឋាភិបាលជួយសម្រួលឲ្យពលរដ្ឋបង់ពន្ធស្រួល កុំទាល់តែមានខ្សែរមានបក្សពួកទើបបានលឿន... មួយទៀតសូមឲ្យកំណត់តម្លៃកុំឲ្យលើសពីតារាងពន្ធ... កុំឲ្យរងគ្រោះដូចខ្ញុំ”៕ តាមលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ក្រោយការផ្សព្វផ្សាយមានពលរដ្ឋខេត្តបន្ទាយមានជ័យជាច្រើនបានបញ្ចេញមតិយោបល់ រៀបរាប់បទពិសោធន៍ជាផលលំបាកកំឡុងចូលទៅបង់ពន្ធ ហើយពលរដ្ឋនិងមន្ត្រីខ្លះបានផ្តល់ឯកសារបង់លុយពន្ធ ចូលមកគណនីផ្ទាល់ខ្លួនរបស់មន្ត្រីនៅទីនោះផងដែរ។ ដោយមានប្រភពច្បាស់លាស់ និងឯកសារច្បាស់ការ លោកបានដកស្រង់សម្រង់សំដីមកចុះផ្សាយចំនួន៣លេខបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា។ តាមលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ការប្តឹងរូបលោកមកនគរបាលព្រហ្មទណ្ឌដោយមិនស្នើសុំការបកស្រាយ ឬស្នើកែតម្រូវក្នុងនាមជាមន្ត្រីផ្តល់សេវាសាធារណៈនេះ ជាការបំពានសេរីភាពអ្នកសារព័ត៌មាន និងមិនអនុវត្តតាមស្មារតីច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកស្នើសុំឲ្យលោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ក្តីកង្វល់របស់ប្រជាពលរដ្ឋឡើងវិញមុននឹង មានចំណាត់ការផ្លូវច្បាប់លើប្រព័ន្ធផ្សព្វផ្សាយ។t

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7175 នាក់
ខែនេះ :
26728 នាក់
3 ខែនេះ :
60561 នាក់
សរុប :
2511268 នាក់