បន្ទាយមានជ័យ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យលោក ហេង ហុង ក្រុមប្រឹក្សាឃុំភ្នំលៀប ចូលខ្លួនផ្តល់ចម្លើយ ទាក់ទងបទល្មើសកាប់ឆ្កា និងហ៊ុមព័ទ្ធដីព្រៃលិចទឹកក្នុងតំបន់៣ បើមិនចូលខ្លួនតុលាការនឹងចេញដីការឃាត់ខ្លួន។ ក្នុងដីការបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ព្រះរាជអាជ្ញា បានចោទប្រកាន់លោកហេង ហុង ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ ដីព្រៃលិចទឹក និងហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក ប្រព្រឹត្តក្នុងភូមិសាស្រ្តព្រៃលិចទឹកតំបន់៣ ភូមិក្របៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ កាលពីកំឡុងឆ្នាំ២០១៥ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ដីការបង្ហាប់ឲ្យលោកហេង ហុង ចូលខ្លួនផ្តល់ចម្លើយ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក បើមិនចូលខ្លួនតាមការកំណត់នេះទេ លោកហេង កេសរោ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យនឹងចេញដីការបង្គាប់ឲ្យនាំខ្លួន។ គេមិនដឹងថាបន្ទាប់ពីការសាកសួរ តើលោកហេង ហុង អាចត្រូវបានឃាត់ខ្លួនឬយ៉ាងណានោះទេ ស្របពេលដៃគូ គាស់កាយដីព្រៃលិចទឹករបស់លោក គឺលោកអែម ណុយ អតីតមេឃុំភ្នំលៀប កំពុងជាប់ឃុំដោយបទចោទដូចគ្នាជាមួយលោកហេង ហុងនេះដែរ។ សូមបញ្ជាក់ថា លោក ហេង ហុង ក្រុមប្រឹក្សាឃុំ ភ្នំលៀប ជាដៃគូដ៏ជិតស្និទ្ធ របស់លោក អែម ណុយ ក្នុងការរកឈ្មួញទិញដីក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិនិងលក់ផ្តាច់ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២១ របស់លោក ហេង ហុង លើដីតំបន់៣ ចំណុចរហាលសន្ទូង ឲ្យលោក ស៊ា សុឃុន និងប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចុះហត្ថលេខាបញ្ជាក់នៅលើកិច្ចសន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និង លោក ឃូ ពៅ ជាអភិបាលស្រុកព្រះនេត្រព្រះផងដែរ។ មានឯកសារលក់ទិញដីជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្រ្តដីព្រៃលិចទឹក មានវត្តមានរបស់លោក ហេង ហុង ជាអ្នកអង្គេតការ ចូលរួមវាស់វែង និងជាអ្នកចូលរួមធ្វើកំណត់ហេតុ។ ការលក់ដី ក្នុងតំបន់ព្រៃលិចទឹកនេះ លោក ហេង ហុង ក្រុមប្រឹក្សាឃុំ ភ្នំលៀបបានបញ្ជាក់ ប្រាប់ សារព័ត៌មានខ្មែរជាយដែនថា លោកពិតជាបានលក់ដីក្នុងទីតាំងនេះពិតប្រាកដមែន តែលោកធ្វើតាមការបញ្ជាពីលោក អែម ណុយ ជាមេឃុំប៉ុណ្ណោះ។ តាមលោក ហេង ហុង លោករកម៉ូយលក់ដីអស់ប្រហែលជា ៣០ ហិកតា នៅកំឡុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ដោយការលក់នេះ លោកអែម ណុយ បានចែកដីឲ្យលោក ចំនួន៥ហិកតា ជាថ្នូរនឹងការរកឈ្មួញមកទិញដី។ ពលរដ្ឋអ្នកទទួលទិញដីបានឲ្យដឹងថា ដើម្បីឲ្យដីនោះលក់បានថ្លៃ លោក អែម ណុយ បានយកគ្រឿងចក្រឈូសឆាយព្រៃលិចទឹកតំបន់៣ ចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ហើយលោក ហេង ហុង ជាអ្នករកម៉ូយលក់ដី របស់រដ្ឋនោះទៅឲ្យឈ្មួញ ។ ពលរដ្ឋរងគ្រោះបញ្ជាក់ថា ការរៀបចំលក់ទិញដីរដ្ឋនេះ មានជាប់ពាក់ព័ន្ធ លោក ហេង ហុង (ជាអ្នកឈរ ឈ្មោះលក់) លោក អែម ណុយ (ជាអ្នកឈូសឆាយព្រៃលិចទឹកដីរដ្ឋ ហើយជាអ្នកចុះហត្ថលេខាលើលិខិតទិញ លក់) ហើយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមប្រថាប់ត្រាចុះហត្ថលេខា លើការលក់ទិញ ដីរដ្ឋនេះផងដែរ ធ្វើឲ្យពួកគាត់មានទំនុកចិត្តកាន់តែខ្លាំង ក្នុងការទិញដីព្រៃលិចទឹកនេះ។ នៅក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋខុសច្បាប់អស់ទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ មានទាំងលោកមេឃុំភ្នំលៀប ខាងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ និងលោក អភិបាលស្រុកព្រះនេត្រព្រះ។ សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនលោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយចោទពីបទ” កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹក” ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ។ ព្រឹត្តិការអាជ្ញាធរមូលដ្ឋានបើកដៃលក់ដៃព្រៃលិចទឹកជាប់បឹងទន្លេសាបក្នុងតំបន់៣នេះ ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយលោកឃូ ពៅអភិបាលស្រុកព្រះនេត្យព្រះ និងចូលខ្លូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា