តើក្រុមប្រឹក្សាឃុំភ្នំលៀប អាចនឹងមានវាសនាជាប់ឃុំ ដូចលោកអែម ណុយ ជាមេឃុំ ដែរឬទេ ស្របពេល ដៃគូទន្ទ្រានដីជាមួយគ្នាម្នាក់ទៀតឈ្មោះ សួន សំផុងក្លាយជាបេក្ខភាពជាមេឃុំ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង៨៖ ៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោកហេង ហុង ក្រុមប្រឹក្សា ឃុំភ្នំលៀប នឹងដល់ពេលត្រូវចូលខ្លួនផ្តល់ចម្លើយ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប តាមដីការបង្គាប់ឲ្យចូលខ្លួនរបស់លោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ។
ដោយឡែក លោកហេង ហុង ត្រូវបានតុលាការ ចេញដីការបង្ហាប់ ចូលខ្លួនផ្តល់ចម្លើយ បើមិនចូលខ្លួនតាមការកំណត់នេះទេ លោក ហេង កេសរោ នឹងចេញដីការបង្គាប់ ឲ្យនាំខ្លួន។
ក្នុងដីការបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ បានឲ្យដឹងថា លោកហេង ហុងក្រុមប្រឹក្សាឃុំ ភ្នំលៀបរងបទចោទប្រកាន់ ពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយ ដីព្រៃលិចទឹក និងហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក ប្រព្រឹត្តក្នុងភូមិសាស្រ្តព្រៃលិចទឹកតំបន់៣ ភូមិក្របៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីកំឡុងឆ្នាំ២០១៥ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
គេមិនដឹងថាបន្ទាប់ពីការសាកសួរ តើលោកហេង ហុង អាចត្រូវបានឃាត់ខ្លួនឬយ៉ាងណានោះទេ ស្របពេលដៃគូ គាស់កាយដីព្រៃលិចទឹករបស់លោក គឺលោកអែម ណុយ អតីតមេឃុំភ្នំលៀប កំពុងជាប់ឃុំដោយបទចោទដូចគ្នាជាមួយលោកហេង ហុង។
កាលពីថ្ងៃទី៣ ខែមីនា វេលាម៉ោង២ រសៀល ឆ្នាំ២០២២នេះ លោកមាស ហ៊ឹក មេឃុំប្រាសាទ ត្រូវបានតុលាការកោះហៅចូលទៅបំភ្លឺ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំប្រាសាទ និងឃុំភ្នំលាប តែលោកមិនបានចូលខ្លួនតាមការកោះហៅនេះទេ។
ក្រុមប្រឹក្សាឃុំភ្នំលាភ លោកហេង ហុង មេឃុំប្រាសាទ លោកមាស ហ៊ឹក និងអភិបាលស្រុកព្រះនេត្រព្រះ លោកឃូ ពៅ នឹងត្រូវចូលខ្លួនបំភ្លឺនៅតុលាការជាបន្តបន្ទាប់ ដោយតុលាការ ចោទប្រកាន់ និងកោះហៅឲ្យបំភ្លឺ លើករណីទន្រ្ទានដីតំបន់បី។
ខណៈអតីតមេឃុំភ្នំលៀប លោកអែម ណុយ កំពុងជាប់ពន្ធនាគារ លោកសួន សំផុង ជំទុកទី២ ជាមិត្តជិតស្និតជាមួយលោកអែម ណុយ និងជាអ្នករៀបឯកសារ ធ្វើកំណត់ហេតុ កាប់ឆ្ការទន្ទ្រានដើម្បីកាន់កាប់និងលក់ដូរដីតំបន់៣ ត្រូវបានរួចខ្លួនពីការចោទប្រកាន់របស់តុលាការហើយ ត្រូវបានជ្រើសជាបេក្ខភាពមេឃុំជំនួសលោកអែមណុយ។
កាលពីពេលកន្លងទៅលោក អែម ណុយ បានចែកដីចំនួន ២០ ហិកតានៅភូមិរហាលសន្ទូង ឲ្យទៅលោកសួន សំផុង ជាថ្នូរនឹងការសមគំនិតលក់ដីតំបន់៣។
សូមបញ្ជាក់ថា លោក ហេង ហុង ក្រុមប្រឹក្សាឃុំ ភ្នំលៀប និងលោកសួន សំផុងជាដៃគូដ៏ជិតស្និទ្ធ របស់លោក អែម ណុយ ក្នុងការរកឈ្មួញទិញដីក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។
គេមិនដឹងថា តើលោកហេង ហុង ក្រុមប្រុក្សាឃុំភ្នំលៀប អាចនឹងឃុំខ្លួនដូចលោកមេឃុំអែម ណុយដែរឬក៏យ៉ាងណានោះទេ ខណៈពេលដែលមានដំណឹងថា អ្នកពាក់ព័ន្ធលក់ដីព្រៃលិចទឹកមួយចំនួនកំពុងរត់គេចខ្លួន។