ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅសង្កាត់០២រូបមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ទទួលនូវភាពឈឺចាប់ ដោយសារដកពីដំណែង ដូចកូនស្ពៃ
Thu,16 June 2022 (Time 05:45 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1387នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ សារព័ត៌មានខ្មែរជាយដែន បានចុះយកព័ត៌មាន និងសំភាសន៍ ចៅសង្កាត់ពីររូប មានលោក មុំ ប៊ុណ្ណា ជាចៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលត្រូវបានក្រុមការងារបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបង្ខំឲ្យដាក់ពាក្យលាលែង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ ដោយបានឲ្យអ្នកស្រី ឆាត សុជា ក្លាយជាចៅសង្កាត់ជំនួសលោកវិញ ។ លោក មុំ ប៊ុណ្ណា បានបន្ថែមថា លោកបានបំពេញការងារនៅក្នុងសង្កាត់ព្រះពន្លាតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៧ លោកបានឈរឈ្មោះជាលេខរៀងទី១ សម្រាប់សង្កាត់ព្រះពន្លា ។ ក្នុងរយៈពេល មួយអាណត្តិនេះ លោកបានចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន រួមទាំងពង្រឹងសមាជិគណបក្សប្រជាជន កម្ពុជា នៅក្នុងសង្កាត់ទៀតផង ។ នៅក្នុងអាណត្តិថ្មីនេះ(ឆ្នាំ២០២២) លោក បានឈរជាបេក្ខភាពជាចៅ សង្កាត់ព្រះពន្លា លេខរៀងទី១ ហើយអ្នកស្រី ឆាត សុជា ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់លេខរៀងទី ២ ។ ដោយសារតែគាត់ត្រូវបានប្រជាពលរដ្ឋជឿជាក់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូត បានឈ្នះអាសនៈនៅក្នុងសង្កាត់ចំនួន ០៨ ។ ទើបតែនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២ ខាងក្រុមការងារ ពង្រឹងបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបង្ខំឲ្យគាត់ធ្វើពាក្យសុំឈប់ ។ ដោយសារតែនៅក្នុងការងារបក្ស មិនមានការទុកចិត្ត ទើបគាត់ព្រមដាក់ពាក្យលាឈប់ពីតំណែងចៅសង្កាត់ ដោយក្រុម ការងារបក្សខេត្ត បានតែងតាំងអ្នកស្រី ឆាត សុជា ទៅជាចៅសង្កាត់ជំនួសគាត់វិញ ។ លោក មុំ ប៊ុណ្ណា បានបញ្ជាក់បន្ថែមថា ចំពោះការដាក់លាឈប់នេះ គេមិនបាននិយាយអំពីប្រាក់សោធននិវត្តជូនដល់រូបគាត់ឡើយ ដោយនិយាយថាឲ្យគាត់ទៅធ្វើទីប្រឹក្សា តែមិនដឹងជាទីប្រឹក្សានោះនៅឯណាទេ ? គាត់មានអាយុ ៦៣ ឆ្នាំ នៅមានសមត្ថភាពការងារ មិនដែលខកខាន ឬ ធ្វើឲ្យរាំងស្ទះការងារនៅក្នុង សង្កាត់ឡើយ ។ ចំណែក លោក មែ ណន ជាបេក្ខភាពលេខរៀងទី១ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវាសនា មិនសូវខុសពីលោក មុំ ប៊ុណ្ណា ដែរ ។ លោក មែ ណន មានប្រវត្តិតស៊ូ បំរើការងារ ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តាំងពីឆ្នាំ១៩៨៧ ពីអនុភូមិ ទៅជាជំនួយការសង្កាត់ រហូតដល់ជាសមាជិកក្រុមប្រឹក្សាសង្កាត់និមិត្ត ។ នៅឆ្នាំ២០២២ ក្រុមការងារពង្រឹងបក្សខេត្ត បានធ្វើការស្ទាប់ស្ទង់មតិ ដោយគាំទ្រគាត់មានសម្លេងច្រើនលើសលប់ ទើបតម្រូវឲ្យគាត់ ឈរជាលេខរៀងទី១ ។ ក្នុងការបំពេញការងារជាសមាជិកគណបក្សប្រជាជនកម្ពុជា គាត់បានចំណាយពេលវេលា ព្រមទាំងថវិកាផ្ទាល់ខ្លួន ជិតម៉ឺនដុល្លារ ក្នុងការចុះពង្រឹងបក្សប្រជាជនជកម្ពុជា ។ នៅក្រោយ ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងសង្កាត់និមិត្ត បានឈ្នះកៅអីក្នុងសង្កាត់ចំនួន ០៨ ។ នៅក្នុងពេលឃោសនាបក្សនោះ គាត់បានប្រកាសថាខ្លួនគាត់ជាបេក្ខភាពចៅសង្កាត់ ហើយបានសន្យាជាមួយប្រជាពលរដ្ឋ នៅពេលគាត់ជាប់ឆ្នោត ត្រូវអភិវឌ្ឍន៍ និងដោះស្រាយបញ្ហា ជូនដល់ប្រជាពលរដ្ឋ ទើបតែ ដើមខែមិថុនា ឆ្នាំ២០២២ ស្រាប់មានក្រុមការងារពង្រឹងបក្សខេត្តបន្ទាយមានជ័យ ចំនួន ០២ រូប បានមកជួបគាត់ ដោយស្នើសុំឲ្យគាត់ដាក់ពាក្យលាឈប់ពីចៅសង្កាត់ ។ នៅពេលនោះគាត់បានប្រាប់ អ្នកទាំងពីរថាៈ លោកមិនអាចលាលែងពីចៅសង្កាត់បានទេ បើសិនជាគាត់លាលែង គឺក្បត់មនសិកា ខ្លួនឯងផង និងក្បត់មនសិកា ប្រជាពលរដ្ឋផង ដែលពួកគាត់បានជឿទុកចិត្តបោះឆ្នោតជូន ។ លោក មែ ណន បានបញ្ជាក់បន្ថែមថាៈ លោកប្រឹងប្រែងណាស់ ខិតខំបញ្ចុះបញ្ចូល ប្រជាពលរដ្ឋឲ្យ មានការជឿជាក់លើគណបក្សប្រជាជនកម្ពុជាផង លើរូបគាត់ផង ស្រាប់តែទទួលបានផ្លែផ្កា មានអ្នកមកចាំទទួលយកផលប្រយោជន៍ទៅវិញ ។ ក្នុងការចុះស្រាវជ្រាយកព័ត៌មានរឿងការដកចៅសង្កាត់ដូចកូនស្ពៃនេះ មានមន្ត្រីខេត្ត ក្រុមប្រឹក្សាឃុំ/សង្កាត់ បាននិយាយថា អ្នកស្រី ឆាត សុជា ជាមានខ្សែស្រឡាយជាមួយឯកឧត្តម អ៊ុំ រាត្រី ហើយមេបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដូចនេះការដក ឬ ដាក់នរណាម្នាក់ជាចៅសង្កាត់គឺជាការងាយ ស្រួល ។ ចំណែកការរៀបចំដកលោក មែ ណន ចៅសង្កាត់និមិត្ត ដើម្បីឲ្យ ខាត់ ធា ជាលេខរៀងទី២ មកជំនួសវិញនោះ គឺជាការរៀបចំដោះដូរ ដោយលោក ង៉ោ ម៉េនជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ហើយជាប្រធានក្រុមការងារពង្រឹងបក្សក្រុងប៉ោយប៉ែត ។ លោក ខាត ធា ជាអតីតៈខាងរដ្ឋបាលសាលាក្រុងប៉ោយប៉ែត ហើយ លោក ង៉ោ ម៉េនជ្រួន ក៏ធ្លាប់ជាអភិបាលក្រុងប៉ោយប៉ែតដែរ អ្នកទាំងពីរជាអ្នក ជិតដិតនិងគ្នា ដោយសារតែឥទ្ធិពល របស់លោក ង៉ោ ម៉េនជ្រួន នេះមិនដឹងថា លោក មែ ណន អាចរក្ស មុខដំណែងជាចៅសង្កាត់បន្តទៀត ឬយ៉ាងណា? ចំពោះការដោះដូរចៅសង្កាត់ ធ្វើតាមអារម្មណ៍របស់មន្ត្រីមេបក្សខេត្តនេះ ដែលធ្វើអោយលោកចៅសង្កាត់ទាំងពីររូប បានអំពាវនាវ ដល់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ជូនពួកគាត់ផង ។ សារព័ត៌មានខ្មែរជាយដែន បានធ្វើការទាក់ទងជាច្រើនលើក ជាមួយមេបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ តែមិនមានអ្នកទទួល ។ សារព័ត៌មានយើងខ្ញុំក៏មានមោទនភាព និងក្តីសោមនស្ស រង់ចាំ ការប្រត្តិកម្មពីមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំពោះការដក និងដាក់ចៅសង្កាត់ទាំងពីរ មកយើងវិញ ដើម្បីយើងនឹងចុះបន្ថែមនៅលេខក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
643 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7792 នាក់
ខែនេះ :
27345 នាក់
3 ខែនេះ :
61178 នាក់
សរុប :
2511885 នាក់