បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស
បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស។
ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ,អភិបាលខ័ណ្ឌព្រែកព្នៅ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះមកស្រាវជ្រាវ ជួបជាមួយចៅសង្កាត់ដោយផ្ទាល់នៅសង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤។
ទាក់ទងនឹងភាពមិនប្រក្រតីដែលសារព័ត៌មានខ្មែរជាយដែនទទួលបានសេចក្តីរាយការណ៍ថា “ប្រវែងផ្លូវខ្លីជាងផ្លូវមុនហេតុអ្វី ថ្លៃសាងសង់ខុសគ្នាគុណនឹង៣”?
លោកឈួន ឆាំចៅសង្កាត់ពន្សាំងបានបកស្រាយថា៖ “ដោយកន្លងមកក្រុមហ៊ុន ឈ្មោះ ពៅម៉ាឡែន ដែលទទូលម៉ៅការសាងសង់ ក្នុងតម្លៃ ៦០,៩០០,០០០៛ បានទទួលការខាតបង់យ៉ាងច្រើន”។ បើយកចំនួនទឹកប្រាក់ ៦០,៩០០,០០០៛ ចែកនឹងចំនួនការរ៉េបេតុងដែលក្រុមហ៊ុនទទួលធ្វើ ២១០០ ម៉ែត្រការរ៉េ គឺមានតម្លៃត្រឹមតែ ២៩០០០រៀល តែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ, ដែលតម្លៃជាក់ស្តែងគឺអាចមានចន្លោះរហូតដល់ ១០០០០០៛ (ដប់ម៉ឺនរៀល) ទៅ ១២០០០០៛ (ដប់ពីម៉ឺនរៀល)។
តំណាងក្រុមហ៊ុន ពៅម៉ាឡែន បានបញ្ជាក់ថា៖ ទោះបីខាតក៏ខ្លួនត្រូវតែធ្វើឲ្យចប់សព្វគ្រប់តាមកិច្ចសន្យា ព្រោះបើមិនបំពេញកាតព្វកិច្ចនេះទេ ក្រុមហ៊ុននឹងប្រឈបលុបអាជ្ញាប័ណ្ណ។
ក្រោយសាងសង់ផ្លូវបេតុងមួយខ្សែរប្រវែង ៣៥០ម៉ នៅភូមិត្រពាំងរនាមរួចរាល់ រដ្ឋបាលសង្កាត់ពន្សាំងបានឲ្យក្រុមហ៊ុនបន្តសាងសង់ក្នុងតម្លៃដូចមុន តែក្រុមហ៊ុនបានបដិសេដ ជាហេតុនាំឲ្យមានការដេញថ្លៃសាងសង់ជាថ្មីនៅរដ្ឋបាលសង្កាត់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ការដេញថ្លៃសាងសង់ផ្លូវបេតុងជាលើកទី២ មានក្រុមហ៊ុនចំនួន៤ ចូលរួមដេញថ្លៃ បានបិទប្រកាស និងមានមន្ត្រីត្រួតពិនិត្យ ធ្វើរបាយការណ៍ កំណត់ហេតុច្បាស់លាស់។ (មានភ្ជាប់កំណត់ហេតុ និងរបាយការណ៍)
ក្នុងតម្លៃប៉ាន់ស្មានស្មើនឹងទឹកប្រាក់ ១៨២,១៤៣,៣៦៩៛ ក្រុមហ៊ុន ពៅម៉ាឡែន បានទទួលដេញថ្លៃក្នុងតម្លៃទាបជាងក្រុមហ៊ុនផ្សេង ជាហេតុនាំឲ្យក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ផ្លូវបេតុងបន្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ៖ ការដេញថ្លៃមានក្រុមហ៊ុនចូលរួម៣ឡើងទៅ គឺគ្រប់ចំនួនគោរម្យ ដូច្នោះការដេញថ្លៃនេះគឺមានភាពត្រឹមត្រូវតាមច្បាប់។
* ចំពោះបទសម្ភាសចៅសង្កាត់ពន្សាំង៖ លោក ឈួន ឆាំ ដែលបានបញ្ជាក់ថា “លោកមិនដឹងនោះទេ ព្រោះការរៀបចំដាក់ដេញថ្លៃនេះសាលារាជធានីភ្នំពេញជាអ្នកកំណត់ដេញថ្លៃ លោករងចាំតែទទួលលទ្ធផលប៉ុណ្ណោះ”។ ចៅសង្កាត់បានបញ្ជាក់ថានេះជាការឆ្លើយដោយភាន់ច្រលំ តាមការពិតនេះជាការប្រកាសដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ លើចំនួនទឹកប្រាក់ដែលនៅសល់ចំនួន១៨២,១៤៣,៣៦៩៛។
*ចំពោះការលើកគម្រោងផ្លូវទៅកាន់ភូមិត្រពាំងទទឹង ដែលសារព័ត៌មានខ្មែរជាយដែនបានចោទសួរ ចៅសង្កាត់បានបញ្ជាក់ថា នេះគឺជាសិទ្ធិសម្រេចរបស់រដ្ឋបាលសង្កាត់ ព្រោះភូមិនេះក៏ស្តិតនៅក្នុងគម្រោងសាងសង់ផ្លូវ ក្រោមមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់។
ក្រោយការពន្យល់បង្ហាញអំពីមន្ត្រីជំនាញ នឹងថ្នាក់ដឹកនាំបានបកស្រាយនូវមូលហេតុដែល “ក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវមានតម្លៃថ្លៃជាងមុនគុណ៣ដង” ដោយមានអំណះអំណាងភ្ជាប់ជាមួយឯកសាររបាយការណ៍ជាក់លាក់ និងដោយតម្លាភាព ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែន និងពលរដ្ឋនៅក្នុងតំបន់អស់ចម្ងល់ និងទទួលយកនៅការស្រាយបំភ្លឺនេះ។