«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សាស្ត្រាចារ្យ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤ ដោយផ្ទាល់ចំនួន ២៥៤ អង្គ/នាក់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ១៣៦ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា ប្រទេសយើងឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែលកើតក្រោយសម័យសង្គ្រាម ជួបរស់ជាតិជីវិតដូចពួកយើងឡើយ។ ឯកឧត្តមបន្តថា ដើម្បីបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល មានជម្រើសតែមួយគត់ គឺការដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារដ៏សំខាន់មួយរបស់យើងទាំងអស់គ្នា ពិសេសមន្ត្រីរាជការ គឺនាំគ្នាប្រយុទ្ធប្រឆាំងនិងបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដែលមានចរិតបំផ្លិចបំផ្លាញ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ឱសថដ៏ស័ក្តិសិទ្ធិសម្រាប់បន្សាបព័ត៌មានមិនពិត ប្រឌិត ញុះញង់ទាំងនោះ គឺការបញ្ចេញព័ត៌មានពិត និងស្នាដៃទាំងឡាយដែលរាជរដ្ឋាភិបាលបានកសាងទុកជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ដោយមិនទុកឱកាសឱ្យព័ត៌មានមិនពិតទាំងនោះ ចូលមកបំពុលសង្គមបានឡើយ។ អាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់យើង គឺការបង្ហាញពីគុណតម្លៃសន្តិភាព សមិទ្ធផល និងចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបជាប្រចាំ ក្នុងស្មារតីបុរេសកម្មដ៏រស់រវើក។ «សូមចងចាំថា ថ្នាក់ដឹកនាំរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីបានលះបង់ធំធេងណាស់ ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអនាគតដ៏រុងរឿងរបស់យើង និងកូនចៅយើងទាំងអស់គ្នា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។ បាឋកថានេះ ក៏មានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយលើប្រធានបទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា បាឋកថានេះ បានផ្តល់ឱកាសដ៏វិសេសមួយ ដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ទទួលបាននូវពុទ្ធិ គតិបណ្ឌិត និងវិធីសាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការគិតគូររៀបចំផែនការការងារ គោលនយោបាយ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។ ឯកឧត្តម បន្តថា បាឋកថានេះ គឺជាសកម្មភាពបុរេសកម្មមួយក្នុងការងារគោលនយោបាយជាតិ ក៏ដូចជាប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា