ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ...........................
Mon,11 November 2024 (Time 05:59 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 34នាក់)


«បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងបាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូនិងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ប្រមាណជាង ១ ០០០ នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បន្តថា កងនគរបាលគ្រប់ប្រភេទខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដោយគ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ក៏ដូចជាត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញ កាន់តែមមាញឹកខ្លាំង ហើយគុណតម្លៃដ៏ធំធេងនេះ មិនត្រូវមើលរំលងឡើយ។ សកម្មភាពល្អៗរបស់កងនគរបាលជាតិ គួរត្រូវបានបង្ហាញជាប្រចាំឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមរយៈការផ្សព្វផ្សាយតាមបែបបុរេសកម្មនិងឆ្លាតវៃ ស្របតាមបច្ចេកវិទ្យាក្នុងសម័យទំនើប។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយបានបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការផ្សព្វផ្សាយក្នុងសកម្មភាពបុរេសកម្មជូនដល់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមវាគ្មិនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកបទពិសោធដ៏មានសារសំខាន់ និងស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន AI ព័ត៌មានសម្បូរបែប និងសភាពការណ៍ភូមិសាស្ត្រនយោបាយប្រែប្រួលជាបន្តបន្ទាប់ពិបាកវាយតម្លៃ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជឿជាក់ថា តាមរយៈបាឋកថានេះ នឹងអាចពង្រឹងការយល់ដឹងពីតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ អាចក្លាយខ្លួនជាអ្នកគ្រប់គ្រងព័ត៌មាននិងសាធារណមតិពេញលេញ និងប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាពនិងសីលធម៌ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ពង្រីកការយល់ដឹងអំពីភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិកាន់តែទូលំទូលាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
382 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
2338 នាក់
ខែនេះ :
17703 នាក់
3 ខែនេះ :
59178 នាក់
សរុប :
2489501 នាក់