ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។
Fri,22 March 2024 (Time 07:53 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 244នាក់)


បន្ទាយមានជ័យ: ការលើកឡើងរបស់អ្នកស្រី ប៉ាន់ ឆវី ពលរដ្ឋខេត្តបន្ទាយមានជ័យនាពេលនេះ កើតឡើងបន្ទាប់ពីអ្នកស្រីរងនូវអំពើមិនយុត្តិធម៌ ដោយសារដីរបស់អ្នកស្រីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ត្រូវបានអ្នកដទៃប្រវ៉ាញ់យក។ ដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ A2 1097 (ប័ណ្ណស្លាបមាន់ សម័យរដ្ឋកម្ពុជា) ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបញ្ជីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ និងបានប្តូរជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ជ.ប 010744 (AII 0262) ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ជំនាន់លោកប្រាក់ ប៉ូលី នៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ ដោយហេតុថា នៅចន្លោះឆ្នាំ២០១៩ តំបន់នេះត្រូវបានចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ ដោយនៅពេលនោះអ្នកស្រី ប៉ាន់ ឆវី ជាស្ត្រីម៉េម៉ាយមានជីវភាពខ្វះខាត ចេញទៅធ្វើការនៅប្រទេសថៃ មិនបានមកផ្តល់ព័ត៌មានអំពីទិន្នន័យដី ទើបធ្វើឲ្យមានជនឆ្លៀតឱកាសរៀបឯកសារចុះបញ្ជីជាប្រព័ន្ធគ្របលើប្លង់រឹងរបស់គាត់។ ក្រោយដឹងថាដីរបស់ខ្លួន ត្រូវចូលឈ្មោះអ្នកដទៃ នៅឆ្នាំ២០១៩អ្នកស្រីប៉ាន់ ឆវី បានប្តឹងទប់ស្កាត់ការចេញប្លង់ភ្លាមៗ តែបណ្តឹងទប់ស្កាត់នេះ មិនមានប្រសិទ្ធភាព ដោយហេតុថា មន្ត្រីសុរិយោដីបដិសេធថាអ្នកស្រីមិនបានប្តឹងទប់ស្កាត់ឡើយ។ តាមលោកស្រីប៉ាន់ ឆវី លោកស្រីព្យាយាមទាក់ទងទៅគ្រួសារ ឈ្មោះខៀវ សឿន តាមរយៈយាយវិតដែលនៅមើលខុសត្រូវលើដីនេះដើម្បីដោះស្រាយបញ្ហា តែបុគ្គលពាក់ព័ន្ធទាំងនេះគេចវេស មិនជួបជាច្រើនលើកច្រើនសារ។ លោកស្រីប៉ាន់ ឆវី បញ្ជាក់ថា នៅទីបំផុតទើបអ្នកស្រីដឹងថាគ្រួសារយាយវិត និងគ្រួសារខៀវ សឿន មិនជួបអ្នកស្រី ព្រោះពួកគេមិនមែនផ្តល់ព័ត៌មានច្រលំក្នុងការធ្វើប្លង់គ្របដីនោះទេ គឺពួកគេជាជនទុច្ចរិតបានរៀបចំគម្រោងយកដីរបស់អ្នកស្រី។ ដោយមើលឃើញបញ្ហារីកកាន់តែធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ អ្នកស្រីផៃ អ៊ី ម្ចាស់ដីដែលមានឈ្មោះនៅក្នុងប្លង់ដី លក់ឲ្យទៅអ្នកស្រីប៉ាន់ ឆវី តែមិនទាន់បានកាត់ឈ្មោះ បានដាក់ពាក្យស្នើសុំឲ្យមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យឲ្យជួយស្វែងរកចំណុចព្រំនៃក្បាលដីឡើងវិញ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្រុមអាជ្ញាធរពាក់ព័ន្ធបានចុះវាស់វែងជាក់ស្តែងលើទីតាំងដី។ លទ្ធផលផ្ទៀងផ្ទាត់ ស្រាវជ្រាវ ពីមន្ត្រីជំនាញបានបង្ហាញថា ឈ្មោះខៀវ សឿន ជាប្តីនាង សៀង វ៉ាន់នី បានបំពេញនិន្នន័យ គ្របលើដីនេះហើយ។ ក្នុងកំណត់ហេតុស្តីពីការប្រជុំពិភាក្សា និងចុះអនុវត្តជាក់ស្តែងលើទីតាងដីរបស់ឈ្មោះ ផៃ អ៊ី មន្ត្រីជំនាញបានស្នើសុំគោលការណ៍ឲ្យឈ្មោះ ខៀវ សឿន មកប្រជុំពិភក្សាដើម្បីរកដំណោះស្រាយតាមនីតិវិធី។ តាមលោកស្រី ផៃ អ៊ី ក្រោយចប់ កិច្ចប្រជុំភ្លាមឈ្មោះ ឈិម សំណាង មេភូមិក្បាលស្ពាន បានព្យាយាមបញ្ចុះបញ្ចូលអ្នកស្រីឲ្យទៅជួបឈ្មោះ យាយ វិត ដើម្បីចរចារកផលប្រយោជន៍។ លោកស្រីផៃ អ៊ី បញ្ជាក់ប្រាប់សារព័ត៌មានខ្មែរជាយដែនថា ឈ្មោះ ឈិម សំណាង បង្គាប់ឲ្យអ្នកស្រីចរចារលុយកាក់ បំបិទ អ្នកស្រីប៉ាន់ ឆវី ព្រោះការលក់ដីឲ្យទៅឈ្មោះ ប៉ាន់ ឆវី ទាន់កាត់ឈ្មោះនៅឡើយទេ។ ព្រោះជាអ្នកកាន់សីល និងជាមនុស្សមានសច្ចៈភាព អ្នកស្រីផៃ អ៊ី បដិសេធ ចេតនាទុច្ចរិតរបស់ឈ្មោះឈិម សំណាង មេភូមិក្បាលស្ពាន។ តាមអ្នកស្រីផៃ អ៊ី ដោយមើលឃើញជំហររបស់អ្នកស្រីច្បាស់លាស់ មេភូមិក្បាលស្ពាន បានពោលពាក្យផ្ចាញ់ផ្ចាល់ទៅកាន់អ្នកស្រី ថាឲ្យអ្នកស្រីដេកឱបក្រដាសប្លង់ទៅ។ ដោយមានសំណើរដោះស្រាយបញ្ហាដីនេះជាបន្តបន្ទាប់ នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៣ កិច្ចប្រជុំពិភាក្សាសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីរវាងឈ្មោះ ផៃ អ៊ី និងឈ្មោះខៀវ សឿន បានចាប់ផ្តើម ក្រោមវត្តមាន លោកអាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ។ ជាថ្មីម្តងទៀត ក្នុងកំណត់ហេតុប្រជុំបានបញ្ជាក់យ៉ាងច្បាស់ថា ដីនេះជាកម្មសិទ្ធរបស់ផៃ អ៊ី ប៉ុន្តែនៅ ពេលចុះបញ្ជីមានលក្ខណៈជាប្រពន្ធត្រូវបានឈ្មោះ ខៀវ សឿន មកបំពេញទម្រង់បែបបទស្នើសុំចេញប័ណ្ណកម្មសិទ្ធិគ្របលើដីនេះ។ លទ្ធផលនៃកិច្ចប្រជុំនេះ បានសម្រេច២ចំណុច៖ ទី១, ព្យាយាមអញ្ចើញលោក ខៀវ សឿន មកចូលរួមសម្រុះសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ (តែជួបផលលំបាកព្រោះ ឈ្មោះខៀវ សឿន នៅក្រៅប្រទេស) និងទី២ គួរប្តឹងទៅស្ថាប័នតុលាការ។ ដោយការចចារមិនអាចទៅរួច អ្នកស្រីប៉ាន់ ឆវីបានប្តឹងទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យជាផ្លូវការ ហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចចាត់ចែង បណ្តោះអាសន្ន ហាមឃាត់ឈ្មោះ ខៀវ សឿន និងឈ្មោះ សៀង វ៉ាន់នី មិនឲ្យលក់ដូរ ជួល ផ្ទេសិទ្ធិ ដាក់បញ្ចាំ ដាំដុះ ឈូសឆាយ ឬសាងសង់សំណង់ទាំងពួង ទោះដោយផ្ទាល់ឬដោយប្រយោលលើដីដែលមានវិញ្ញបនបត្រសម្គាល់ម្ចាស់អចលវត្ថុលេខ 01060707-0012 មានទំហំផ្ទៃដីជាង៦ហិកតា។ តាមលោកស្រីផៃ អ៊ី រឿងរ៉ាវដែលបានកើតឡើងនេះ គឺមានក្រុមរៀបចំបង្កើតឯកសារក្លែងក្លាយដើម្បីចុះបញ្ជី ឬមានការរៀបចំផ្តល់ព័ត៌មានមិនពិតដល់មន្ត្រីដើម្បីគេងយកទ្រព្យសម្បត្តិអ្នកដទៃ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
334 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
2290 នាក់
ខែនេះ :
17655 នាក់
3 ខែនេះ :
59130 នាក់
សរុប :
2489453 នាក់